អ្នកវិភាគថា សន្ធិសញ្ញាបំពេញបន្ថែម គឺផ្ទុយទាំងស្រុងទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា

0
2

អ្នកវិភាគបានលើកឡើងថា សន្ធិសញ្ញាបំពេញបន្ថែមដែលព្រះមហាក្សត្រខ្មែរទើបនឹងឡាយព្រះលេខាឱ្យប្រើប្រាស់នៅដើមខែធ្នូ ឆ្នាំនេះ គឺ មិនស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ហើយផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩១ ថែមទៀត។

អ្នកវិភាគនយោបាយចាស់វស្សាលោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថាសន្ធិសញ្ញាបន្ថែមមិនស្របទៅនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ព្រមទាំងទឹកដីដែលកម្ពុជាមាននៅថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១នោះថែមទៀតផង។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ឬហៅដោយខ្លីថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ដែលទទួលស្គាល់ការបោះបង្គោលព្រំដែនគោករវាងភាគីទាំងពីរសម្រេចបាន៨៤ភាគរយ។

ព្រះរាជក្រមចុះថ្ងៃទី៥ ធ្នូ ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២០ ធ្នូ បង្ហាញថាការសម្រេចឡាយព្រះហស្តលេខានេះ ធ្វើឡើងតាមសំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ក្រោយពេលស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាឯកបក្ស បានអនុម័តដោយគ្មានសំឡេងជំទាស់លើច្បាប់មួយនេះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថារដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៥៥ ចែងថា សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល។

ដោយឡែកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ វិញ បានកំណត់ថា  កម្ពុជា តាមរយ:ឯកសារនេះ ភាគីទាំងឡាយ ព្រមទាំងរដ្ឋាភិបាលកម្ពុជាសន្យាយ៉ាងឧឡារឹកថា នឹងថែរក្សានិងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន ។

លោកបន្ថែមថា ដើម្បីទិសដៅនេះ កម្ពុជាសន្យាថាបញ្ចប់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយដែលមិនសមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់ខ្លួន។

កាលពីថ្ងៃទី ៥ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមភាគីទាំងពីរ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ នៅរដ្ឋធានី ហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក ហ៊ុន សែន អះអាងពេលនោះថា ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមនេះ កម្ពុជា និងវៀតណាមបានដំណើរការចុះបោះបង្គោល និងខណ្ឌសីមាព្រំដែនគោកនៅលើដីជាក់ស្តែងពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល៨៤% នៃបង្គោលព្រំដែនធំដែលមានចំនួន៣៧៥ បង្គោល លើដីជាក់ស្តែងដែលបានបោះនៅតាមបណ្តោយខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណជាង១ ២៧០ គីឡូម៉ែត្រ ។

លោកថា ជំហានបន្តទៀត ភាគីទាំងពីរប្តេជ្ញាដោះស្រាយបញ្ហានៅសេសសល់ និងខិតខំបង្គោលដែលនៅសល់១៦ភាគរយទៀត ឱ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងនេះក្តី ក្រោយព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីសន្ធិសញ្ញាលើសន្ធិសញ្ញាបំពេញបន្ថែមនេះ អ្នកវិភាគ សង្គមស៊ីវិល ពលរដ្ឋ ខ្មែរមួយចំនួនបានប្រកាសកាន់ទុកព្រឹត្តិការណ៍នេះ ថាជារឿងប្រវត្តិសាស្ត្រ ដែលមេដឹកនាំបច្ចុប្បន្នធ្វើឱ្យបាត់បង់ដីខ្មែរ ទៅលើវៀតណាមបន្ថែមទៀត។

បន្ថែមពីនេះ ពួកគេយល់ថា ជារឿងអាម៉ាស់បំផុតក្នុងនាមមេដឹកនាំប្រទេសដែលធ្វើឱ្យដីខ្មែរមួយចំណែកត្រូវបាត់បង់ទៅក្នុងដៃបរទេសនៅក្នុងសតវត្សរ៍ទី២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here