ឡុង​ ​រចនា​៖​ ​អ្នក​និពន្ធ​ជំនាន់​ថ្មី​វ័យ ១៣ឆ្នាំ​

0
6

បច្ចុប្បន្ន​នេះ​ ​កំណើន​សៀវភៅ​ប្រលោម​លោក​ ​ក៏ដូចជា​អ្នក​និពន្ធ​ប្រលោម​លោក​ជំនាន់​ថ្មី​ហាក់​ដូចជា​មានសន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ​ចាប់តាំងពី​វប្បធម៌​ការ​អាន​ ​ត្រូវ​បាន​ណែនាំ​ទៅកាន់​មនុស្ស​គ្រប់​វ័យ​។​ ​នៅក្នុងចំណោម​អ្នកនិពន្ធ​ជំនាន់​ថ្មី​ទាំងនោះ​ ​ក៏​មាន​យុវតី​វ័យក្មេង​ ​ឡុង​ ​រចនា​ ​ដែល​ទើបតែ​ចេញផ្សាយ​សៀវភៅ​ប្រលោមលោក​ដំបូង​របស់​ខ្លួន​ ​ដែល​មាន​ចំណង​ជើង​ថា​ ​«​ផ្លូវ​ស្នេហ៍​មរណៈ​»​ ​កាលពីដើម​ខែធ្នូ​កន្លងទៅ​។​

​មាន​វ័យ១៣ឆ្នាំ​ ​ឡុ​ងរ​ចនា​ ​គឺជា​អ្នក​និពន្ធ​វ័យក្មេង​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ទើបតែ​ជា​សិស្ស​ថ្នាក់​ទី៨ប៉ុណ្ណោះ​។​ ​បើ​ទោះ​យ៉ាងនេះ​ក្ដី​ ​សមត្ថភាព​ក្នុង​ការ​និពន្ធ​របស់​យុវតី​រូប​នេះ​ ​អាច​ធ្វើ​ឱ្យ​បណ្ណាធិការ​ក្នុង​ស្រុក​ទាក់ចិត្ត​នឹង​សាច់រឿង​ដែល​យុវតី​បាន​និពន្ធ​ ​រហូត​ព្រម​ទទួល​សាច់រឿង​របស់​រចនា​ដើម្បី​បោះពុម្ព​ផ្សាយ​។​

​រចនា​និយាយ​ថា​៖​ ​«​ខ្ញុំ​គិតថា​ខ្ញុំ​ចេះ​និពន្ធដោយ​សារ​ទេពកោសល្យ​ពី​កំណើត​ ​ហើយក៏​ដោយ​សា​រប៉ា​ដែល​តែងតែ​នាំ​ឱ្យ​អាន​សៀវភៅ​តាំង​ពី​តូច​ៗ​»​។

​ឪពុក​របស់​រចនា​ ​គឺជា​អ្នក​ថតរូប​ល្បីល្បាញ​មួយ​រូប​ឈ្មោះ​លោក​ ​សុវណ្ណ​ ​ភី​ឡុង​។​ ​អ្នកនិពន្ធ​វ័យក្មេង​នេះ​និយាយ​ថា​ ​ប៉ា​របស់​នាង​តែងតែ​ទិញ​សៀវភៅរឿង​ព្រេង​ ​និង​សៀវភៅរឿង​ខ្នាត​ខ្លី​ជាច្រើន​ឱ្យ​នាង​អាន​តាំងពី​នាង​មាន​វ័យ ៧ឆ្នាំ​។​ ​លុះដល់​រចនា​មាន​អាយុ​ ​១០ឆ្នាំ​ ​នាង​ក៏​ចាប់ផ្តើម​អាន​សៀវភៅ​ប្រលោម​លោក​ខ្នាត​វែង​ ​និង​ចាប់ផ្តើម​និពន្ធ​ប្រលោម​លោក​ដោយ​ខ្លួន​ឯង​តែម្ដង​។​

​ប្រលោមលោក​ ​«​ផ្លូវ​ស្នេហ៍​មរណៈ​»​ ​និពន្ធដោយ​ ​ឡុង​ ​រចនា​ ​មាន​កម្រាស់​ ​៣៣៥​ ​ទំព័រ​ ​ដែល​យុវ​សិស្ស​រូប​នេះ​ចំណាយ​ពេល​និពន្ធ​ក្រៅពី​ការសិក្សា​ ​ដើម្បី​សរសេរ​សាច់រឿង​នេះ​ឡើង​ម្ដង​បន្តិច​ៗ​អស់​រយៈពេល​ប្រមាណ ៦ខែ​។​ ​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​រចនា​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​វ័យក្មេង​របស់​ខ្លួន​ ​ខណៈ​ពេល​ដែល​យុវជន​ជាច្រើន​រូប​តែង​លើកឡើង​ពី​កង្វះ​ពេលវេលា​ ​និង​ការ​លើកទឹកចិត្ត​ក្នុង​ការសម្រេច​គោលដៅ​អនាគត​។​ ​ថ្វីត្បិត​រចនា​មាន​ភា​ពម​មារ​ញឹក​ដូចជា​ ​ការសិក្សា​ចំណេះដឹង​ទូទៅ​នៅពេល​ព្រឹក​ ​រៀន​ភាសាអង់គ្លេស​នៅពេល​រសៀល​ ​និង​ចំណាយពេល​ល្ងាច​បន្ថែម​ទៀត​ដើម្បី​រៀន​ភាសា​ចិន​ ​ប៉ុន្តែ​រចនា​នៅ​តែ​ឆ្លៀតពេល​ប្រមាណ​ ​៣០នាទី​ក្នុង​មួយថ្ងៃ​ដើម្បី​សរសេរ​ប្រលោម​លោក​។​

​«​ខ្ញុំ​មានការ​លំបាក​ ​និង​រវល់​បន្តិច​ដែរ​ ​ក្នុង​ការងារ​ជា​អ្នកនិពន្ធ​និង​ជា​សិស្ស​។​ ​តែ​ទោះបីជា​ខ្ញុំ​ស្រឡាញ់​ការ​និពន្ធ​ ​ក៏​ខ្ញុំ​មិនដែល​បោះបង់ចោល​ការរៀនសូត្រ​ដែរ​»​ ​រចនា​បន្ថែម​ថា​ ​នាង​តែងតែ​ផ្អាក​ការ​សរសេរ​ប្រលោម​លោក​សិន​ប្រសិនបើ​នាង​មាន​កិច្ចការ​សាលា​ច្រើន​ពេក​។​

​ដោយសារតែ​វ័យក្មេង​ខ្ចី​របស់​អ្នកនិពន្ធ​ ​រចនា​មិន​មាន​បទ​ពិសោធ​លើ​ទំនាក់ទំនង​ស្នេហា​ ​ឬ​ ​បទ​ពិសោធ​ជីវិត​ច្រើន​ទេ​។​

​រចនា​និយាយ​ថា​៖​ ​«​ប្រលោមលោក​នេះ​ ​[​ផ្លូវ​ស្នេហ៍​មរណៈ​]​ ​មិនមែន​ជា​រឿង​ដំបូង​ដែល​ខ្ញុំ​សរសេរ​ទេ​ ​ប៉ុន្តែ​នេះ​ជា​រឿង​ដំបូង​ដែល​ខ្ញុំ​បាន​បោះផ្សាយ​ ​ហើយ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​»​។​

​នៅពេល​សួរ​ពី​វិធីសាស្ត្រ​ក្នុង​ការ​និពន្ធ​ ​រចនា​និយាយ​ថា​នាង​តែង​ប្រមូល​គំនិត​សម្រាប់​សរសេរ​សាច់រឿង​ថ្មី​ពី​ការ​អាន​សៀវភៅ​ជាច្រើន​។​ ​នៅពេល​ទំនេរ​ ​រចនា​តែងតែ​អាន​សៀវភៅ​ប្រលោមលោក​ ​និង​មើល​រឿង​និពន្ធដោយ​អ្នក​និ​ពន្ធ​ខុស​ៗ​គ្នា​។​ ​ដើម្បី​ចៀសវាង​ពី​ការ​លួច​ចម្លង​ស្នាដៃ​គ្នា​ ​រចនា​ត្រូវ​ប្រាកដ​ថា​សាច់រឿង​ដែល​នាង​និពន្ធ​មាន​ចំណុច​ខុសប្លែក​ពី​អ្នកនិពន្ធ​ដទៃ​តាមរយៈ​ការ​បញ្ចូល​ភាព​ច្នៃប្រឌិត​ថ្មី​ ​និង​ការ​ស្រមើល​ស្រមៃ​របស់​ខ្លួន​ ​លាយ​នឹង​អ្វី​ដែល​នាង​បាន​សង្កេត​ក្នុង​ជីវិត​រស់នៅ​ពិត​។​

​មុន​ពេល​ក្លាយជា​អ្នកនិពន្ធ​ដូចសព្វថ្ងៃ​ ​រចនា​និយាយ​ថា​ ​ដំបូង​ឡើយ​នាង​គ្រាន់តែ​មានបំណង​បង្កើត​ ​Facebook​ ​Page​ ​មួយ​ដែល​នាង​អាច​ចែករំលែក​រឿង​ខ្លី​ដែល​នាង​និពន្ធ​តែប៉ុណ្ណោះ​។​ ​សំណាងល្អ​ ​នាង​បាន​ប្រទះឃើញ​ការប្រកាស​រក​អ្នកនិពន្ធ​ប្រលោមលោក​ដោយចៃដន្យ​នៅ​លើ​អ៊ិ​ន​ធើ​ណេត​ ​ហើយ​នាង​ក៏​សម្រេចចិត្ត​ផ្ញើ​ស្នាដៃ​និពន្ធ​របស់​នាង​ទៅ​បណ្ណាធិការ​តែម្ដង​។​

​«​មេក្រុម​អ្នកនិពន្ធ​របស់ខ្ញុំ​ ​ដំបូង​ឡើយ​បាន​អាន​រឿង​របស់ខ្ញុំ​ ​ហើយ​ផ្ញើ​ត្រឡប់មកវិញ​ដោយ​ប្រាប់​ថា​វា​មិនទាន់​ល្អ​ទេ​។​ ​ខ្ញុំ​ក៏​សុំ​គាត់​ដើម្បី​កែសម្រួល​ហើយ​ផ្ញើ​ទៅ​ម្ដងទៀត​»​ ​រចនា​រំឮក​។​ ​ដោយសារតែ​គោលការណ៍​លើកលែង​កម្រិត​អាយុ​នៅក្នុង​វិស័យ​និពន្ធ​ ​រចនា​ក៏បាន​ទទួល​ឱកាស​ជា​លើក​ទី២​ ​ហើយ​បាន​ក្លាយជា​អ្នកនិពន្ធ​វ័យក្មេង​ជាងគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​

​«​ខ្ញុំ​ចង់​ក្លាយជា​អ្នកនិពន្ធ​ ​ព្រោះ​ខ្ញុំ​ចង់​ឃើញ​អ្នកអាន​ឬក៏​អ្នក​ទាំងអស់គ្នា​ទទួលស្គាល់ ​និង​ផ្តល់​តម្លៃ​ឱ្យ​អាជីព​ជា​អ្នកនិពន្ធ​។​ ​ប្រសិនបើ​ខ្ញុំ​នៅតែ​ទទួល​បានការ​គាំទ្រ​និង​លើកទឹកចិត្ត​ ​ខ្ញុំ​នឹង​ខិតខំ​រៀន​បន្ថែម​ដើម្បី​សរសេរ​ឱ្យ​បាន​កាន់តែ​ល្អ​ ​ហើយនឹង​បន្ត​អាជីព​ជា​អ្នកនិពន្ធ​ទៅ​អនាគត​»​។​

​ប្រលោមលោក​ដំបូង​របស់​រចនា​ ​មាន​ចំណងជើង​ថា​ ​«​ផ្លូវ​ស្នេហ៍​មរណៈ​»​ ​ទើបតែ​ចេញផ្សាយ​នៅ​ខែធ្នូ​នេះ​នៅ​ក្រោម​ក្រុម​អ្នកនិពន្ធ​ ​Love​ ​Novels​។​ ​អ្នក​អាច​ស្វែងរក​សៀវភៅ​ប្រលោមលោក​នេះ​នៅ​តាម​ទីតាំង​មួយចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ ​ដូចជា​ ​ភ្នំពេញ​ ​សៀមរាប​ ​បាត់ដំបង​ ​ប៉ោយប៉ែត​ ​និង​ព្រះសីហនុ​។​ ​សៀវភៅ​ប្រលោមលោក​នេះ​ក៏​មាន​លក់​នៅក្នុង​កម្មវិធី​ពិ​ពរ​ណ៌​សៀវភៅ​លើក​ទី៨​ ​នៅក្នុង​បណ្ណាល័យជាតិ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here