លោក ហ៊ុន សែន ទទួលស្គាល់ថាទំហំដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានគម្លាតគ្នាខ្លាំង

0
4

លោក ហ៊ុន សែន ទទួលស្គាល់ថាទំនិញនាំចេញ និងនាំចូលទំនិញរវាង កម្ពុជា និងវៀតណាម គឺមានគម្លាតឆ្ងាយពីគ្នា ដូចមេឃនឹងដី។

ថ្លែងក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅក្បែរព្រំដែន ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ហ៊ុន សែន បានស្នើ វៀតណាមដោយទទូច ធ្វើយ៉ាងណាបង្កើនការទិញទំនិញពីកម្ពុជាបន្ថែមទៀត។ ការស្នើនេះ ក្រោយលោកទទួលស្គាល់ថា បច្ចុប្បន្នជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមខុសគ្នាឆ្ងាយខ្លាំងណាស់។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម សម្រេចបានដល់ ជាង ៤ពាន់ ៦០០ លានដុល្លារអាមេរិក គឺ កើនឡើងជាង ២៣% ធៀបនឹងឆ្នាំ ២០១៧។

ប៉ុន្តែក្នុងនោះ វៀតណាមនាំចូលទំនិញរបស់ខ្លួនមកកាន់កម្ពុជា មានទំហំជិត ៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈកម្ពុជានាំទំនេញរបស់ខ្លួនទៅប្រទេសវៀតណាមមានទំហំប្រមាណ ១ពាន់ លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

លោក ហ៊ុន សែន ក៏បានអះអាងជាថ្មីថា រដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ៥ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ខាងមុខ។

សម្រាប់អ្នកជំនាញផ្នែកសេដ្ឋកិច្ចវិញយល់ថា កម្ពុជានៅតែជាទីផ្សារធំសម្រាប់វៀតណាម ត្បិតកម្ពុជា ជាប្រទេសតូចនិងមានប្រជាជនតិចក៏ដោយ។ បច្ចុប្បន្នទំនិញប្រើប្រាស់ និងគ្រឿងបរិភោគជាច្រើន រួមមានបន្លែ បង្ការ ត្រីសាច់ ជាដើម តែងនាំចូលពីប្រទេសវៀតណាម សូម្បីតែជ្រូកវៀតណាមកើតជំងឺប៉េសជ្រូកអាហ្វ្រិកស្ទើរទូទាំងប្រទេសរបស់ខ្លួនក្តី ក៏ឈ្មួញអាចនាំចូលជ្រូកមួយចំនួនចូលមកកម្ពុជា ដើម្បីចរាចរឱ្យពលរដ្ឋខ្មែរបរិភោគបានដែរ។

បន្ថែមពីនេះ គ្រឿងបរិភោគទាំងនោះមួយចំនួន ទោះបីជាមានការនិយាយតៗគ្នា អំពីការប្រើប្រាស់ថ្នាំគីមីដើម្បីផលិត និងរក្សាទុកបានយូរ ប៉ុន្តែពលរដ្ឋខ្មែរនៅតែបន្តប្រើប្រាស់ទំនិញ បន្លែ ត្រី សាច់ ទាំងនោះ ទាំងដឹង និងមិនដឹងខ្លួន។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទាំងពីរបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដោយកិច្ចព្រមព្រៀងនោះ គេមើលឃើញថាកម្ពុជាចាញ់ប្រៀបវៀតណាមយ៉ាងខ្លាំង ត្បិតពួកគេនាំចូលទំនិញមកកម្ពុជាច្រើន ប៉ុន្តែទំនិញទាំងនោះបែរជាត្រូវរួចកាត្វកិច្ចបង់ពន្ធ ទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here