កម្ពុជាគ្រោងនឹងកសាងផ្សារគំរូតាមព្រំដែនវៀតណាម ក្នុងខេត្តចំនួន២ បន្ថែមទៀត

0
4

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាកម្ពុជានឹងមានផ្សារគំរូ តាមព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តនៃប្រទេសកម្ពុជាចំនួនពីរបន្ថែមទៀត។

ការប្រកាសនេះ ធ្វើឡើងក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ផ្សារគំរូព្រំដែនកម្ពុជា ក្បែរព្រំដែនវៀតណាម ក្នុងខេត្តត្បូងឃ្មុំ ក្រោមអធិបតីលោក ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung កាលពីព្រឹកម៉ិញនេះ។

ការសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្សារគំរូព្រំដែនកម្ពុជា ឬហៅថាផ្សារដា ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំប្រមាណ២ហិកតា ចម្ងាយប្រមាណ៣០០ម៉ែត្រពីព្រំប្រទល់ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម។

ផ្សារនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។

ថ្លែងនាឱកាសនោះ លោក ហ៊ុន សែន ថា លោកមិនចង់ឃើញផ្សារគំរូព្រំដែនដំបូងគេមួយនេះ ដួលរលំនោះទេ ដោយថាផ្សារនេះនឹងជួយដល់ការដោះដូរទំនិញរបស់ពលរដ្ឋកម្ពុជា និងវៀតណាម កាន់តែមានភាពប្រសើរថែមទៀតផង។ ជាមួយគ្នានោះ លោកបានព្រមានដកតំណែងអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ បើសិនជាគ្រប់គ្រងផ្សារគំរូព្រំដែនកម្ពុជា បរាជ័យ ឬ ធ្វើឱ្យផ្សារគំរូព្រំដែនមួយនេះដួលរំលំ។

លោកហ៊ុន សែន អះអាងទៀតថា រដ្ឋាភិបាល គ្រោងសាងសង់«ផ្សារគំរូ» ចំនួន២ទៀត នៅក្បែរព្រំដែនវៀតណាម ក្នុងខេត្តកំពត និងខេត្តស្វាយរៀង ដោយថាលោកបានស្នើទៅវៀតណាមរួចហើយ ចំពោះគោលបំណងសាងសង់«ផ្សារគំរូព្រំដែន»ទាំងពីរនេះបន្ថែមទៀតប៉ុន្តែភាគីវៀតណាមមិនទាន់ឆ្លើយតបនៅឡើយ។

លោកលើកឡើងទៀតថា ផ្សារគំរូព្រំដែនកម្ពុជានេះ គឺជាសមិទ្ធផលថ្មីមួយ ដែលសម្រេចបានតាមទិសដៅរដ្ឋាភិបាល ក្នុងការរៀបចំតំបន់ព្រំដែនឱ្យមានសន្តិភាព និងស្ថិរភាព សម្រាប់ពលរដ្ឋ។

ផ្សារគំរូព្រំដែនកម្ពុជានេះ ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាមប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ ហើយលោករំពឹងថា សក្ដានុពលនៃផ្សារគំរូព្រំដែននេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មភាគីទាំងពីរឱ្យដល់៥ពាន់ដុល្លារអាមេរិក តាមការគ្រោងទុកនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here